| កតញ្ញុតា ត្រូវតែប្រព្រឹត្ត | មានន័យប្រាប់ថា តាមបែបគំរូ ប្រាប់ឳ្យតបគុណ ។ | ជនកតញ្ញុ ដែលព្រះជាគ្ |
| នេះបទព្រហ្មប្រាជ្ញប្រាយ | ខ្ញុំអធិប្បាយលើកល្បត់ល្បង | |
| ប្រដៅកូនចៅផង | ចងជាច្បាប់ខុសនិងត្រូវ។ | |
| កត្ដិកខ្នើតគ្នេរគ្នាន់ | ក្នុងវស្សន្ដរដូវ | |
| ទឹកស្រែជនលេចស្រូវ | នៅសំណល់សំណាបខ្ចី។ | |
| កិរកាលពីព្រេងព្រឹទ្ធ | ដើមគំនិតពីសេដ្ឋី | |
| ខ្ញុំលើកកិរកាលថ្មី | តែងសេចក្ដីជាបរមត្ថ។ | |
| ក្នុងថ្ងៃពេញបរមី | ម៉ោង៨ព្រលប់ស្ងាត់ | |
| ឆ្នាំចរចត្វាក្សត្រ | ផាត់សករាជកន្លងឆ្ងាយ។ | |
| សាសនាព្រះសមណៈ | បានពីរពាន់បួនរយបា្លយ | |
| ហុកសិបឆ្នាំកំចាយ | ចាត់អធិប្បាយពីខុសត្រូវ។ | |
| កិរកាលដំណាលទុក | ជាទំនុកដំណែលនៅ | |
| តំណតរៀងទៅ | តំរូវចិត្ដជនប្រុសស្រី។ | |
| កូនអើយពាក្យអាពុក | ជាទំនុកទំនើបថ្មី | |
| អនិស្រាយរាយបាលី | អាពុកស្ដីឲ្យកូនស្ដាប់។ | |
| គួរស្ដាយកេរ្ដិ៍ម៉ែឪ | កិរិយាត្រូវឲ្យខំត្រាប់ | |
| កិរិយាណាខុសច្បាប់ | គួរក្រឡប់ក្រឡាស់ចោល។ | |
| ម្ដាយអាពុកនិងកូន | បីដូចខ្លួននិងស្រមោល | |
| ឃើញខុសកុំដេញដោល | កុំថ្កោលទោសអ្នកមានគុណ។ | |
| ល្ងង់ខ្លៅត្រូវតែសួរ | ពាក្យឲ្យគួរកុំឲ្យស៊ុន | |
| យកពាក្យផ្អែមជាមុន | ទន់លំទោនឱនប្រតិបត្ដិ។ | |
| ទោះឪម៉ែស្លូតកាច | គួរតែខ្លាចដូចមហាក្សត្រ | |
| ម្ដាយជេរពីរបីមាត់ | គួរតែស្ងាត់ស្ងៀមឲ្យឈឹង | |
| ប្រដៅត្រូវតែស្ដាប់ | យកតំរាប់កុំទទឹង | |
| ម្នោះម្នះចចេសរឹង | នឹងហើយហៅកូនសេសកម្ម។ | |
| ធម៌អាថិចេះតែភ្លេច | ជេរប្រទេចចេះតែចាំ | |
| អាពុកពត់ទៅស្ដាំ | អកុសលកម្មទាញទៅឆ្វេង។ | |
| អវជាតិបុត្រ | ខូចបំផុតតាំងពីក្មេង | |
| ប្រព្រឹត្ដព្រើលផ្សេងៗ | បើលេងអ្វីស្ដីមិនស្ដាប់។ | |
| មិនស្ដាយជាតិកំណើត | ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់ | |
| ត្រឹមត្រូវមិនសូវស្ដាប់ | ព្រួយគេប្រាប់ទាំងយប់ថ្ងៃ។ | |
| ម៉ែឪមានគុណណាស់ | មិនសំពះខ្លាចអៀនដៃ | |
| បើអ្នកក្រៅដទៃ | វិស័យសោះសំពះបាន។ | |
| ឆ្លើយបាទចះចា៎ខ្ញុំ | រាបរម្យទមនឹងសន្ដាន | |
| ម៉ែឪឯងក្នុងឋាន | ហ៊ានឆ្លើយអីអញអឺអើ។ | |
| អនុជាតិបុត្រ | ស្លូតបំផុតស្រណុកប្រើ | |
| ប្រកបការប្រសើរ | ដើរតែតាមលំអានឪ។ | |
| ប្រដៅទទួលយក | ចេះលៃលកស្ដាប់ខុសត្រូវ | |
| ស្រណុកញាក់ធ្លាក់ផ្លូវ | មិនសូវភ្លេចដំបូន្មាន។ | |
| អតិជាតិបុត្រ | ល្អបរិសុទ្ធស្ដាប់សីលទាន | |
| នាំឪទៅនិព្វាន | ឈានទៅរកកន្លែងសុខ។ | |
| ចេះលើសគេដរាប | ជឿបុណ្យបាបប្រេតនរក | |
| មិនល្មោភនឹងមូត្រលាមក | ភ័យនឹងភក់ភពសង្សារ។ | |
| នេះគឺដើមបាលី | បុត្រទាំងបីបែបកិរិយា | |
| ស្រលាញ់ណាស្អប់ណា | តាមសញ្ញាចូលចិត្ដចុះ។ | |
| អវធ្លាក់ផ្លូវក្រោម | ប្រព្រឹត្ដព្រមតែខាងខុស | |
| អតិជាតិមារយាទខ្ពស់ | អនុនោះយ៉ាងកណ្ដាល។ | |
| មតិ១០០មានមួយ | គួរតែស្ទូយដាក់លើក្បាល | |
| អវគឺស្រើបស្រាល | ត្រអាលយកតែពីរយ៉ាង។ | |
| អតិជាតិកំណើត | គំនិតកើតពីកសាង | |
| កុសលតំកល់ខាង | សំណាងកើតពីគំនិត ។ | |
| អនុអានាងអើយ | ខ្លួនធំហើយឲ្យចេះគិត | |
| ចេះកាញ់ស្គាល់ឆ្ងាយជិត | ប្រព្រឹត្ដយកតែខាងត្រូវ។ | |
| រៀនរិះរកទ្រព្យធន | យកប្រពន្ធមើលធុនឪ | |
| ធុនថើកជ្រកខុសត្រូវ | អ្នកកុំទៅខ្លាចបន្លា។ | |
| ផ្លូវវៀចកុំបោះបង់ | ផ្លូវព្រៃត្រង់កុំយាត្រា | |
| ឈានឈរពិចារណា | ឆ្ការឲ្យស្អាតសឹមដើរទៅ។ | |
| កុំដើរភ្លើភ្លេចខ្លួន | ខ្លាចក្រែងជួនធ្លាក់ជ្រោះជ្រៅ | |
| ជ្រកម្លប់សំណាក់នៅ | កុំបោះពៅផ្ទប់គល់ឈើ។ | |
| ឆេះខ្លោចសំបកក្រោម | ស្រពោនញមស្លោកស្លឹកលើ | |
| មានភ្នែកឲ្យចេះមើល៍ | កុំល្ងីល្ងើល្ងង់ល្ងិតពេក។ | |
| រៀនដើរឲ្យមើលផ្លូវ | ធ្វើស្រែស្រូវឲ្យមើលមេឃ | |
| ម្លប់ធ្លកធ្លាប់ជ្រកដេក | ជាដំណេកអ្នកដំណើរ ។ | |
| ដំណែលដែលគេដាក់ | ជាដំណាក់ទំនូលផ្ញើ | |
| ចំណាំចាំគ្រាន់បើ | ដើរក្រោយៗគ្រាន់ជ្រកទៀត។ | |
| ឈើណាទោសសត្រូវ | ដុះជិតផ្លូវនាំចង្អៀត | |
| ជំពប់យប់អាធ្រាត្រ | ឆ្លៀតកាប់ចេញកុំទុកវា។ | |
| បន្លាគល់សង្គត់ | គន្លងផុតតែភ្នែកជា | |
| ដើរយប់ជំពប់ពារ | ក្រែងគ្រោះគ្នាអ្នកដើរក្រោយ។ | |
| គ្នាមុតកុំចាំផ្ទាន់ | ឃើញគួរជាន់កុំបណ្ដោយ | |
| បណ្ដើរមើលខ្លាំងខ្សោយ | ឲ្យពិនិត្យពិចារណា។ | |
| ពាក្យពិតត្រង់ប្រាកដ | ត្រូវច្រើនបទច្រើនប្រការ | |
| ប្រកបជាប្រស្នា | ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់។ | |
| ផ្លូវពិតទាំងជិតឆ្ងាយ | សព្វសុសសាយមិនសេសសល់ | |
| អ្នកណាប្រាជ្ញាដល់ | ដឹងយោបល់ច្រើនកន្លែង។ | |
| កូនអើយការកេរ្ដិ៍ឈ្មោះ | កុំចង់រស់តែម្នាក់ឯង | |
| គិតអ្វីគិតឲ្យវែង | ក្រែងក្រក្រោយស៊យគំនិត។ | |
| កំណើតរាល់រូបកាយ | ចេញជួញឆ្ងាយស្ដាយជួញជិត | |
| ចិញ្ចឹមជន្មជីវិត | គិតឲ្យស្រេចទើបបានស្រួល។ | |
| ធ្វើស្រែចង់បានស្រូវ | ដើមរដូវធ្វើស្រែទួល | |
| ស្រែទាបមើលទំនួល | លើកទំនប់ឲ្យមាំមួន។ | |
| កូនអើយកេរ្ដិ៍មេបា | ចាំរក្សាមើលថែថួន | |
| ធុញថប់ថយថោកខ្លួន | ជួនជាខ្សត់គេថាខ្សោយ។ | |
| ស្រូវខ្សោយអង្ករថ្លៃ | លក់សំចៃទុកឆ្នាំក្រោយ | |
| អ្នកក្ររកញយៗ | ឲ្យអ្នកសុំជាងអ្នកខ្ចី។ | |
| សប្បុរសពេកថយធន | មូទូជនថយរាសី | |
| ប្រពន្ធល្អច្រើនអាប់ប្ដី | ពាក្យអប្រិយចាញ់អាត្មា។ | |
| ឈើផ្លែចាញ់សន្លឹក | ត្រីវរវឹកទឹកមិនថ្លា | |
| កំណាញ់ក្រៅតំរា | សោតសឹងអាប់ប្រយោជន៍យស។ | |
| នឹងឲ្យៗមើលភាព | ឲ្យអ្នកទាបជាងអ្នកខ្ពស់ | |
| អ្នកទិញឈប់សិនចុះ | ក្នុងតែរស់មិនស្លាប់ងាយ។ | |
| កំណាញ់ហួសកំណត់ | ពាក្យអ្នកខ្សត់ខ្សបនិយាយ | |
| ទេវតាផ្ដន្ទាទាយ | រលាយអស់រលស់ឯង ។ | |
| សទ្ធាមើលធនធាន | ជាតិអ្នកមានមិនអង្វែង | |
| កំណាញ់ដោយកន្លែង | ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ។ | |
| អ្នកក្រខ្ចីនេះកុំ | អ្នកមានសុំនេះគួរឲ្យ | |
| អ្នកប្រាជ្ញអង្គាសញយ | អស់ក៏ដោយឲ្យទៅចុះ។ | |
| អ្នកក្របានជាហាម | ពិបាកតាមទៅឯណោះ | |
| ទាល់ទឹកចូលច្រមុះ | ច្រើនកើតឈ្លោះពីព្រោះយល់។ | |
| អ្នកមានគេមានខ្មាស | សងរហ័សមិនអំពល់ | |
| ជួនយើងមានរវល់ | គេស្គាល់មុខស្រណុកខ្ចី។ | |
| អ្នកក្រៗទាំងចិត្ដ | ស្រូវឆ្មារល្ឥតឲ្យមើលល្អី | |
| វាល់ល្អកន្ដាំងបី | ទាន់ស្រូវថ្មីទារឆាប់បាន។ | |
| ជួនក្រែងឯងក្រវិញ | ទោះដូរទិញមើលប្រមាណ | |
| ជឿបុលខ្ចីសន្ដាន | កុំហ៊ានពារកញ្ជើធំ។ | |
| ខ្លួនក្រកំចង់ធាត់ | កុំងាកមាត់អាងតែសុំ | |
| ជឿខ្ចីល្អីក្រមុំ | ស្រូវឯងទុំស្រណុកសង។ | |
| បើជឿខ្ចីគេឲ្យ | កុំទៅញយគេឲ្យខ្នង | |
| ឯណេះឯណោះផង | កុំច្រើដងគេមើលងាយ។ | |
| ក្រលុយកុំងុយដេក | ចូលដំណេកកុំនិយាយ | |
| សំពត់ញាត់សំពាយ | រាយរើសរៀបញាត់សំពៀត។ | |
| រៀបដេកសំពះគុណ | កុំដេកស៊ុនឲ្យប្រុងស្នៀត | |
| ភ្លើងឆេះយប់អាធ្រាត្រ | កណ្ដៀតទូលប្រមូលរត់។ | |
| ខ្លួនរាស្រ្ដក្រមាសប្រាក់ | ភើចកន្រ្ដាក់អាវសំពត់ | |
| ទំរាំភ្លើងរលត់ | ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ។ | |
| កូនអើយគិតឲ្យគ្រប់ | រៀងរាល់យប់កុំទំនេរ | |
| ជាងដេកលក់ទទេ | យល់សប្ដជេរបីសាចក្រៅ។ | |
| ទំលាប់មាត់មមើ | ស្រែកថាយើៗ អៅៗ | |
| ចោរខ្មាំងខ្មោចចិត្ដខ្មៅ | ហៅមេខ្មៅវ៉ៃឲ្យខ្មុក ។ | |
| ដេកផ្អៀងជាងអង្គុយ | ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់ | |
| ពីល្ងាចដេកពុំលក់ | មាន់រងាវជក់ស៊ីម្លូស្លា។ | |
| ជាងល្ងឹតឥតអំពើ | ឥតអ្វីធ្វើសូត្រធម៌អាថិ | |
| បើច្បាស់វិបស្សនា | ស្មាស្មាធស្មឹងប្រឹងឲ្យស្មោះ | |
| គងខ្នើយដេកកើយស្មុគ្រ | គ្របឲ្យសុខសូត្រអំបោះ | |
| កុំដាក់ដោយកៀនកោះ | អស់នឹងសត្វកណ្ដៀរកោរ។ | |
| កណ្ដុរកន្លាតកាត់ | ដល់កំណាត់ខានដេរខោ | |
| ជួនកាលមានអាចោរ | លលបលួចលីទៅបាត់។ | |
| កុំដាក់ឆ្ងាយប្រយោល | ទុកជាចោលមិនប្រយ័ត្ន | |
| ប្រយោជន៍យប់យាមស្ងាត់ | បង្កាត់ភ្លើងបង្គោលគោ។ | |
| បង្ការក្រែងមូសខាំ | ត្រូវចំណាំខ្យល់ជំនោរ | |
| បាយកកផ្អកម្ហូបជោរ | ឲ្យអាលោស៊ីចាំសេះ។ | |
| កំណើតឆ្កែញីឈ្មោល | ដេកចំណូលតែនិងផេះ | |
| រៀនប្រើមើលចំណេះ | រិះចំណាំតាមកិរិយា។ | |
| ទោះប្រើកូនតូចធំ | រឺប្រើខ្ញុំឲ្យធ្វើការ | |
| ធ្វើកលយល់ប្រាជ្ញា | អាណាហ៊ានប្រើទៅឆ្ងាយ។ | |
| អាខ្លាចប្រើតែជិត | ឥតគំនិតប្រើរៀងអាយ | |
| ខុសម្ដងកុំជេរម្ដាយ | ពេលដល់បាយកុំនាំឈ្លោះ។ | |
| មនុស្សឃ្លានវាហ៊ានឆ្លើយ | ស៊ីរួចហើយបន្ទោសចុះ | |
| បានឆ្អែតប៉ោងពេញពោះ | ស្ដីខុសត្រូវមិនសូវខឹង។ | |
| កូនអើយពាក្យអាពុក | ចំណាំទុកពីត្រឹមណឹង | |
| ធ្វើប្រុសឲ្យខំប្រឹង | រៀនឲ្យដឹងស្គាល់ពុតស្រី។ | |
| មារយាទនិងមាយា | ម្យ៉ាងចិត្ដជាចេះថ្នមប្ដី | |
| ប្ដូរស្លាប់រស់វាហី | យកពីរបីនេះមិនបាន។ | |
| កុំលោភច្រើនៗព្រួយ | យកតែមួយសុខក្សេមក្សាន្ដ | |
| ចិត្ដស្រីទាំងប៉ុន្មាន | ហ៊ានប្រមូលម៉ៅមិនខុស។ | |
| មិនខូចគ្រប់តែស្រី | ល្អពីបីចាំទុកចុះ | |
| ជាតិស្រីលោភលើប្រុស | នោះមិនខុសស្រីណាមួយ។ | |
| ខ្លាំងខ្សោយកុំឲ្យខ្សត់ | ទោះនឿតហត់កុំលំអួយ | |
| ធ្វើប្រុសតែងតែព្រួយ | ស្រីមិនជួយកុំត្អូញត្អែរ។ | |
| ខ្លួនខ្លាំងកុំគិតខ្លាច | ស្រីៗកាចស្លូតដោយខែ | |
| រដូវធ្វើស្រូវស្រែ | ចែប៉ប្រែស្ដីលើប្រុស។ | |
| ខែស្ទូងនិងខែច្រូត | កាចរហូតដល់ខែបុស្ស | |
| ខែបែនបោករលស់ | រលីងអស់អំពីដី ។ | |
| ជញ្ជូនដាក់ជង្រុក | ពូជពេញទុកស្បោងពីរបី | |
| ដំណើបបួនដប់ល្អី | ស្រីៗស្លូតហើយខែហ្នឹង។ | |
| ស្លូតផុតនៅខែមាឃ | ស្ដីធ្ងន់ពាក្យមិនសូវខឹង | |
| បើប្រុសៗមិនដឹង | ប្រឹងតែព្រួតស្អប់ស្រីៗ។ | |
| ម្យ៉ាងទៀតមារយាទខូច | មាយាបេះក្រូចមាយាដកខ្ញី | |
| មានប្រុសសហាយថ្មី | រឹតថ្នមប្ដីមិនឲ្យអាក់។ | |
| អីអើតែមាត់ក្រៅ | ចិត្ដមួម៉ៅគ្មានត្រជាក់ | |
| ត្រីសាច់ល្អលួចលាក់ | ដាក់តែឆ្អឹងឲ្យឯងស៊ី។ | |
| បញ្ជោរចេះបញ្ចើ | បញ្ឆោតប្រើឯងវក់វី | |
| វរវឹកព្រួតប្រុសពីរ | ស៊ីទាល់ងាប់គាប់សងខាង។ | |
| មួយទៀតផិតកំលោះ | ស្រលាញ់ស្មោះស្ម័គ្រអស់យ៉ាង | |
| លោមប្ដីលាសំណាង | ទាស់ក្អេងក្អាងទារសំបុត្រ។ | |
| បើប្ដីមិនព្រមលែង | លបជំទែងជំទយរត់ | |
| មួយទៀតខូចបំផុត | មាត់ឲ្យប្រុសសំលាប់ប្ដី។ | |
| ម្យ៉ាងទៀតមារយាទជា | មានច្រើនគ្នាក្នុងលោកិយ | |
| ប្រាកដពេញជាស្រី | ប្រុសពីរបីស្មាលាកម្ម។ | |
| ស្លាប់រស់មួយនឹងមួយ | មិនចង់ព្រួយយកប្រុសប្រាំ | |
| ប្ដីស្លាប់បួនដប់ឆ្នាំ | ចាំសីលទានមិនមែនទៀត។ | |
| ធ្វើបុណ្យផ្សងសច្ចា | សុំប្រាថ្នាជួបរាល់ជាតិ | |
| អុចធូបដេកឱបធាតុ | កណ្ដៀតថោកោរកាន់ទុក្ខ។ | |
| និយាយពីពុតប្រុស | ចូរចាំចុះជាទំនុក | |
| ដំណតទៅមុខ | អាពុកប្រាប់ឲ្យស្រីចាំ។ | |
| ប្រពន្ធមួយមិនស្កប់ | ប្រពន្ធដប់គ្រាន់តែស្កាំ | |
| កាចស្លូតរហូតឆ្នាំ | រាំដរាបរាល់រូបា។ | |
| កាចម្យ៉ាងខាងល្ងាចព្រឹក | រឿងបាយទឹកថ្នាំម្លូស្លា | |
| កាចម្យ៉ាងខាងធ្វើការ | ម្យ៉ាងទៀតណារឿងប្រចណ្ឌ។ | |
| ប្រជុំជាតិចិត្ដប្រុស | ត្រូវនិងខុសជាកំណាន់ | |
| គំនិតល្អសំខាន់ | ប្រកាន់មើលអិរិយាបថ។ | |
| ប្រចណ្ឌរាវរាលឈ្មោះ | ច្រើនកើតឈ្លោះទៅជាខ្សត់ | |
| មួយឃើញជាក់ប្រាកដ | ប្រកៀកចាប់ធ្វើទោសបាន។ | |
| លកលៃតែខាងប្រុស | ប្រពន្ធខុសបង្អង់ខាន | |
| ខូចម្ដងខាតប៉ុន្មាន | រាប់អានឱបក្រសោបទៀត។ | |
| មួយលកលៃទាំងពីរ | នៅរកស៊ីដោយសារញាតិ | |
| ស្រីមាយាឥតមារយាទ | ស្មាលាជាតិមិនឲ្យជួន។ | |
| ប្រចណ្ឌទាំងបីបទ | គួរគួចកត់ទុកក្នុងខ្លួន | |
| លក់ពីរពេញចំនួន | គួនគុំទុកយកជាច្បាប់។ | |
| ប្រចណ្ឌហើយយកទៀត | ហៅជួជាតិមារយាទអាប់ | |
| កូនណាយកតំរាប់ | ស្លាប់នឹងស្រីៗមើលងាយ។ | |
| ទោសតិចកុំទាញផ្សំ | ឃើញមិនចំកុំនិយាយ | |
| កុំចាប់ស្ទើររវើរវាយ | នាំឲ្យវល់អំពល់ចិត្ដ។ | |
| ពុតប្រុសនិងពុតស្រី | ចប់សេចក្ដីពីក្បត់ផិត | |
| រៀងរើសណាសុខចិត្ដ | គិតសំគាល់រាល់រូបកាយ។ | |
| បើមានកូនក្រមុំ | គួរតែកុំបណ្ដោយឆ្ងាយ | |
| ឲ្យមើលនាយមើលអាយ | ស្រេចនៅម្ដាយរក្សាកូន។ | |
| ប្រយ័ត្នកុំឲ្យឃ្លាត | ភ្លាត់មារយាទមិនសុទ្ធសូន្យ | |
| កុំទុកចិត្ដបងប្អូន | ជីដូនមួយជួយរក្សា។ | |
| ក្រមុំមានម្រាក់មិត្រ | មេមួយគិតនាំកិច្ចការ | |
| កុំជឿចិត្ដនរណា | មើលកិរិយានៃកូនឯង។ | |
| ទោះស្ទូងដកយប់ថ្ងៃ | ដើរយកដៃដាច់សង្វែង | |
| ប្រុសខូចលួចបន្លែង | តែទាស់ភ្នែកបែកមេបា។ | |
| ច្រើនណាស់តែសែនខ្មោច | កេរ្ដិ៍អាសោចផុតអាសា | |
| នាំកូនឡើងសាលា | គេថាឲ្យជំងឺចិត្ដ។ | |
| បើមានកូនប្រសា | មិនទាន់ការគួរឲ្យប្រិត | |
| កុំឲ្យបំរើឆ្ឥត | អាណិតវាៗសងគុណ។ | |
| យប់ថ្ងៃចូលប្រតិបត្ដិ | គាតក្រវាត់រត់រែកពុន | |
| អាចនឹងច្រើនជឿមុន | ស៊ុនអំពីឪពុកម្ដាយ។ | |
| រក្សាកូនប្រពន្ធ | រកទ្រព្យធនចង់ធូរចាយ | |
| ជួញជិតកុំជួញឆ្ងាយ | ជួញរៀងអាយរក្សាគុណ។ | |
| អំពើបាបកុំរៀន | កុំអៀនប្រៀនក្នុងការបុណ្យ | |
| លាងទោសចេញជាមុន | ទើបធ្វើបុណ្យចំរើនផល។ | |
| បើនឹងចង់គង់ទ្រព្យ | កុំទំលាប់សាងអកុសល | |
| របិញរបុញវៀចកាចកល់ | ទេវតាផ្ដល់ផ្ដាច់ធនធាន ។ | |
| កុំឈ្នានិសអ្នកខ្សត់ | កុំបំភ្លាត់ទ្រព្យអ្នកមាន | |
| បើខ្លួនខ្សត់អត់ឃ្លាន | រៀនតែរកតាមទៀងត្រង់។ | |
| ជួញខាងកុំឈប់ខាន | បើចង់បានកុំខ្លាចបង់ | |
| ខ្លាចបាត់ឲ្យផ្ចិតផ្ចង់ | ប្រុងថែទាំឲ្យមាំមួន។ | |
| កុំភ្លើធ្វើជាភ្លេច | ភ្លាត់បន្ដិចខ្លាចក្រែងជួន | |
| ក្រែងចោរចូលមកពួន | លូនលបលួចយកទ្រព្យទៅ។ | |
| ប្រហែសតែងតែបាត់ | ប្រុងប្រយ័ត្នតែងតែនៅ | |
| គិតសព្វគ្រប់ដោយផ្លូវ | សូវទ្រាំនឿយកុំទ្រាំក្រ។ | |
| នៅផ្ទះស្រះរបង | របាចងឲ្យជាប់ល្អ | |
| ប្រើប្រាស់ខ្ញុំកំដរ | ឲ្យបរិភោគដោយខ្លួនឯង។ | |
| នឹងប្រើទៅហៅមក | កុំគំហកយកកំហែង | |
| កុំហាឡើងហង់ឯង | ក្រែងកំហល់ទល់កំហឹង។ | |
| កុំហួសពាក្យសំដី | ការអ្វីៗឲ្យចេះថ្លឹង | |
| កុំប្រើព្រួតលើប្រឹង | ក្រែងកើតខឹងវានាំខាត។ | |
| មនុស្សខឹងច្រើនៗខុស | មនុស្សច្រើនឈ្លោះច្រើនប្រមាថ | |
| ការល្អច្រើនត្រូវខ្នាត | យើងចង់ស្អាតកុំខ្លាចយូរ ។ | |
| ចង់ប្រាជ្ញឲ្យខំប្រឹង | ចងក្បិនតឹងរកស៊ីធូរ | |
| គំនិតមុនគំនូរ | រៀនមានគ្រូមានគេរាប់ ។ | |
| បំរើឪពុកម្ដាយ | អ្នកនៅឆ្ងាយគេច្រើនគាប់ | |
| អ្នកណាបំរើខ្ជាប់ | ធ្លាប់តែខុសមិនដែលត្រូវ ។ | |
| ជាតិមនុស្សទោះខ្ពស់ទាប | មិនចោលភាពជាម៉ែឪ | |
| ពាក្យមនុស្សវែងជាងផ្លូវ | ស្រូវច្រើនខួបខូចអង្ករ ។ | |
| របស់ទ្រព្យថោកថ្លៃ | ទុកសំចៃលៃឲ្យល្អ | |
| អុងអាងពាងក្រឡ | ត្រដរទិញកុំឲ្យខ្វះ ។ | |
| កើតមកជាខ្លួនរាស្រ្ដ | ក្រប្រាក់មាសឲ្យមានខ្មាស | |
| សារពើគ្រឿងប្រើប្រាស់ | ឲ្យមានចាស់ឲ្យមានថ្មី។ | |
| ពូថៅដឹងកាំបិត | ពន្លាកខ្វិតចបវែងខ្លី | |
| ខ្សែសេះគោក្របី | ឫ្សីផ្ដៅកាច់សង្រែក។ | |
| ការងាយកុំឲ្យក្រ | អាក្រក់ល្អមានដោយឡែក | |
| ថ្ងៃនេះរបេះបែក | ស្អែកខំរើធ្វើជាឆាប់។ | |
| ឈ្មោះការប្រើលើដី | កុំចាំស្រីតឿនប្រើប្រាប់ | |
| ឲ្យមានគ្រប់ប្រដាប់ | ដំរាប់រាល់ឲ្យសល់ប្រើ ។ | |
| កុំខ្ជិលល្ងង់ខ្លៅពេក | ឲ្យចេះដេកឲ្យចេះដើរ | |
| ចេះសព្វគ្រប់ប្រសើរ | កុំចង់ហើរហួសភាពខ្លួន ។ | |
| ចង់ក្ដីឲ្យរៀនច្បាប់ | រស់និងស្លាប់ឲ្យចេះក្បួន | |
| ចេះអ្វីចេះឲ្យមួន | កុំបន្លំផ្សំនឹងគេ ។ | |
| កុំដេកចាំសំណាង | កុំក្អេងក្អាងចាំបុព្វេ | |
| ខំរកកុំទំនេរ | រេរៀនរិះចេះឲ្យគ្រប់ ។ | |
| នឹងដើរស្វែងរកផល | មិនទាន់ដល់កុំអាលឈប់ | |
| ឈានខ្លាំងពេកជំពប់ | បើដេកយប់ឲ្យស្គាល់យាម។ | |
| កុំដេកយូរទ្រមឹក | លក់ហួសព្រឹកខុសទំនៀម | |
| តែភ្លឺឡើងភ្ញាក់ភ្លាម | ព្រហាមឡើងក្រោកធ្វើការ ។ | |
| ជាតិមនុស្សទោះប្រុសស្រី | រាស្រ្ដមន្រ្ដីជាធម្មតា | |
| ពេលព្រឹកតែងអុស្សាហ៍ | ថ្ងៃក្ដៅល្អាខ្ជិលល្ឥតឆ្អឹង។ | |
| ចង់ធំខំពីតូច | បើខ្លាចខូចកុំឆាប់ខឹង | |
| ការអ្វីឲ្យចេះថ្លឹង | កុំប្រឹងជុះតាមដំរី។ | |
| កុំចង់ខ្ពស់ស្មើមេឃ | កុំឱនពេកអាប់រាសី | |
| ទោះដើរនិយាយស្ដី | លៃតែល្មមឲ្យគួរសម។ | |
| យល់ឆ្ងាយកុំណាយគិត | ទោះយល់ជិតកុំអាលខំ | |
| មិនជាក់មើលឲ្យចំ | ក្រែងច្រឡំសជាខ្មៅ ។ | |
| ទំលាប់ធំជាងច្បាប់ | បើរៀនត្រាប់កុំត្រាប់ខ្លៅ | |
| ត្រាប់ប្រាជ្ញអាចប្រដៅ | ស្ដីកូនចៅស្ដីឲ្យស្មោះ។ | |
| ស្មឹងស្មឹលសិល្ប៍របៀន | ឲ្យគេរៀនកុំឲ្យអស់ | |
| ស្រលាញ់កុំញេះញ៉ោះ | បើខឹងទាស់កុំឲ្យទាយ។ | |
| ឆ្កែព្រុះកុំព្រួយពេក | ឃើញឆ្កែដេកកុំមើលងាយ | |
| កំណប់ដប់សំពាយ | កុំនិយាយប្រាប់សម្លាញ់។ | |
| សំលឹងមើលឲ្យសព្វ | បើនឹងស្អប់កុំអាលបាញ់ | |
| ក្ដីឈ្នះគេចុះចាញ់ | កុំក្នាញ់តាមផ្ដន្ទាទៀត។ | |
| បើខឹងកុំរំលោភ | បើនឹងល្មោភឲ្យល្មមមាឌ | |
| កុំមាត់ក្រែងភ្លាត់ស្នៀត | វាតហួសវង់ផុតគំនិត។ | |
| កំណើតអាក្រក់ល្អ | មាននិងក្រពីគំនិត | |
| ពីកាលបុព្វេពិត | ងងឹតពេកមើលមិនយល់ ។ | |
| ដាំដូងឲ្យខំថែ | ចង់ស៊ីផ្លែឲ្យដុតគល់ | |
| បើជួនសំណាងដល់ | រវល់តែស៊ីឆ្ងាញ់ពិសា។ | |
| ប្រាជ្ញប្រិតប្រៀនប្រដៅ | ចូរកូនចៅពិចារណា | |
| រំពឹងក្នុងប្រាជ្ញា | ស្រាយបញ្ហានេះឲ្យដឹង។ | |
| ចេះច្បាប់កេរកាលថ្មី | អស់សេចក្ដីតែប៉ុណ្ណឹង | |
| កូនប្រុសអ្នកខំប្រឹង | សំលឹងចាំតទៅមុខ ។ | |
| ពីឆ្នាំចតទៅ | ខំធ្វើស្រូវដាក់ជង្រុក | |
| អាសូរពាក្យអាពុក | ទុកឲ្យកូនចៅគ្រប់គ្នា ។ | |
| អាពុកកាន់តែចាស់ | ស្ដាយខ្លួនណាស់ចូលជរា | |
| ពាក្យពិតប្រាំរយឃ្លា | ជាសូរេចម្ល៉េះឯងហោង។ | |
| អ្នកប្រាជ្ញភិរម្យល្បី | លើច្បាប់ថ្មីអស់ល្បត់ល្បង | |
| ឈ្មោះអូ ហៅ ង៉ុយផង | ចងជាច្បាប់សំរាប់ជន ។ | |
| ខ្ញុំសូមផ្សងសច្ចា | កើតជាតិណាសូមមានបុណ្យ | |
| មូលកូនមូលប្រពន្ធ | ធនសម្បត្ដិសំបូរចាយ ។ | |
| ស្មាលាក្រលំបាក | សូមជៀសចាកចតុរាបាយ | |
| សូមល្អពង្សរូបកាយ | កុំឲ្យឆ្ងាយពីព្រះពុទ្ធ ។ | |
| ប្រាជ្ញាកុំទើសទាស់ | ចេះអាថិធម៌ឲ្យមាំមុត | |
| សូមជាប់សីលបរិសុទ្ធ | រលត់ទុក្ខសោករោគភ័យ ។ | |
| អានិសង្សបុណ្យខ្ញុំបាន | សាងប៉ុន្មានក្នុងលោកិយ | |
| សម្បត្ដិសួគាល័យ | កុំបីឃ្លាតរវាតវែងឆ្ងាយ ។ | |
| ពីជាតិនេះទៅមុខ | មូលអាពុកជួបមូលម្ដាយ | |
| បងប្អូនកុំខ្ចាត់ខ្ចាយ | អធិប្បាយចែងចប់អេវំ ។ |
ស្រង់ចាកៈ http://koeuychetra.wordpress.com