មិនគួរនិយាយស្មាន មនុស្សភាគច្រើនចូលចិត្តតាំងខ្លួនជាអ្នកចេះដោយមិនបាច់រៀន ដូចជារឿងដែលខ្ញុំព្រះករុណាអាត្មាភាព បានជួបប្រទះកាលនៅជាសាមណេរ ពេលនោះនៅក្នុងរដូវវស្សា ញោមស្រីធ្លាក់ខ្លួនឈឺជាទម្ងន់ ខ្ញុំក៏លើកសត្តាហៈទៅមើលគាត់ ដោយធ្វើដំណើរតាមឡានក្រុង។ មានបរុស៤ឬ៥នាក់ អង្គុយពីខាងក្រោយខ្ញុំនិយាយគ្នាថា (……លោកឥឡូវដូចជាយ៉ាប់ដល់ហើយអា ដើរគ្មានដឹងវស្សាដឹងអីទេ…… អញគ្មានសទ្ធាបន្តិចទេ……) ពេលនោះខ្ញុំចង់និយាយប្រាប់ពួកគាត់ដែរ ប៉ុន្តែគាប់ជួនពួកគាត់ដល់កន្លែងត្រូវចុះ គឺពួកគាត់ដើរចុះបណ្តើរ និយាយបណ្តើរ មិនទាំងមើលមុខខ្ញុំផង។ ខ្ញុំក៏សួរខ្លួនឯងក្នុងចិត្តថា ហេតុអ្វីក៏មនុស្សចូលចិត្តធ្វើចេះដោយមិនរៀនយ៉ាងនេះ? ឥឡូវខ្ញុំមិនចង់និយាយទេ ប៉ុន្តែចង់បង្កើតជាសំនួរដូចខាងក្រោម៖ ១-តើក្នុងរដូវវស្សា ភិក្ខុសាមណេរអាចនិមន្តចេញពីវត្តឲ្យកន្លងរាត្រី ដោយមិនលើកសត្តាហៈបានដែរឬទេ? ២-តើអាចលើកសត្តាហៈទៅបាន ដោយសារមានកិច្ចអ្វីខ្លះ? ៣-តើការលើកសត្តាហៈទៅម្តងបានប៉ុន្មានថ្ងៃ? ៤-ក្នុងមួយវស្សា អាចលើកសត្តាហៈទៅបានប៉ុន្មានដង? ៥-តើការដាច់វស្សារបៀបណា ដែលមិនត្រូវទោស? ៦-តើរបៀបណាទៅដែលដាច់វស្សាផង ត្រូវទោសផង? ប្រសិនបើមិនចង់ឲ្យមានការយល់ច្រឡំតទៅទៀត សូមនិមន្តនិងអញ្ជើញជួយឆ្លើយទាំងអស់គ្នា។