បន្ថែម ពាក្យនេះមានយូរហើយ មិនមែនទើបតែមានទេ ហើយក៏គ្មានច្បាប់ណាបញ្ជាក់ថាយ៉ាងណាឲ្យច្បាស់ដែរ ម្យ៉ាងទៀតមិនមែនសម្រាប់បក្សណា ក្រុមណា ឬបុគ្គលណាមួយជាក់លាក់ដែរ គឺសម្រាប់ទាំងអស់គ្នា។ យោបល់ខ្ញុំមាន២ចំណុច ១-ទាក់ទងនឹងការចង្អុលទៅក្រៅ ហេតុអ្វីក៏ចង្អុលម្រាមតែមួយ? សាកគិតទៅមើល ប្រសិនបើយើងចង្អុលម្រាមច្រើន តើចំទិសដៅទេ? ដូច្នេះជាកាបញ្ជាក់ថា មុននឹងចង្អុលអ្វីមួយទៅលើនរណាម្នាក់ ត្រូវស្ទាបស្ទង់ ហើយតម្រង់ឲ្យចំចំណុច បើមិនដូច្នោះទេ យើងនឹងមានកំហុសមិនខាន។ ដូចព្រះសម្មាសម្ពុទ្ធត្រាស់ថា បុគ្គលមិនបានស្ទាបស្ទង់ មិនបានពិចារណា ហើយសរសើរនូវបុគ្គលដែលគួរនិន្ទា ឬនិន្ទាបុគ្គលដែលគួរសរសើរ ធ្លាក់នរកដូចគេច្រានទំលាក់, បុគ្គលបានស្ទាបស្ទង់ និងពិចារណាហើយទើប និន្ទា ឬតិះដៀល (មិនមែនជេរទេ) នូវបុគ្គលដែលគួរនិន្ទា សរសើរនូវបុគ្គលដែលគួរសរសើរ ឡើងស្ថានសួគ៌ដូចគេលើកទៅដាក់។ ២-ទាក់ទងនឹងម្រាមច្រើនបាញ់តម្រង់ខ្លួនឯង ក៏គ្មានវចនានុក្រមណាបញ្ជាក់ច្បាស់ដែរ ប៉ុន្តែយើងអាចទាញជាបទសិក្សាថា ខ្លួនយើងមានចំណុចច្រើនណាស់ដែលត្រូវអប់រំកែប្រែ (គ្រាន់តែយេីងមិនសូវចាប់អារម្មណ៍ ប្រៀបបាននឹងម្រាមបីដែលចង្អុលមកយេីងនោះអ៊ីចឹង) ដូចជាក្នុងកិច្ចប្រតិបត្តិវិបស្សនា មិនមែនត្រូវតាមមើលចិត្តអ្នកដទៃទេ គឺត្រូវតាមពិនិត្យចិត្តរបស់ខ្លួនឯង។ អង្គរបស់បណ្ឌិត៤យ៉ាង ក្នុងនោះ សំខាន់ជាងគេគឺ អត្តសុទ្ធិ ធ្វើខ្លួនឯងឲ្យបរិសុទ្ធ បន្ទាប់មក បរសុទ្ធិ ចង្អុលបង្ហាញអ្នកដទៃឲ្យដើរទៅរកសេចក្តីបរិសុទ្ធដែរ។ ក្នុងការបើកបរ ជាការពិត ប្រសិនបើយើងមានចិត្ត គួរជួយបង្រៀនអ្នកដទៃឲ្យចេះបើកបរផង និងជួយប្រាប់ផ្លូវផង បុន្តែគ្រូអ្នកបង្រៀននោះ ទោះមានតួនាទីជាគ្រូបង្រៀនបើកបរក៏ដោយ ពេលបើកបរឡានផ្ទាល់ខ្លួន ចាំបាច់ត្រូវតែមើលផ្លូវសម្រាប់ខ្លួនឯងឲ្យបានជានិច្ច បើមិនដូច្នោះទេ ទោះគ្រូក្តី សិស្សក្តី ឲ្យតែភ្លេចស្មារតី ពិតជាធ្លាក់ស្រែទាំងអស់គ្នា។ យើងឃើញស្រាប់ហើយ កុំថាឡើយដល់ទៅសង្គមជាតិទាំងមួល សូម្បីប្តីប្រពន្ធ ឬសង្គមវត្តអារាម កើតរឿងរ៉ាងទាស់គ្នាមិនចេះឈប់ មិនថាតែនៅក្នុងស្រុកទេ សូម្បីខ្មែរនៅបរទេស ក៏ឈ្លោះគ្នាមិនចេះចប់ រកចំណុចប្រសព្វមិនឃើញ ព្រោះតែមិនចេះសិក្សាអំពីកំហុសខ្លួនឯង តែងទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកជានិច្ច។ Published March 9, 2015-at dimensions 2048 × 1536 Images navigation Previous Next